ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ
កំហុសទូទៅបំផុតគឺការប៉ះពាល់ដល់កម្មវិធី Event Viewer ដែលជាកម្មវិធីរបស់ Windows 10 សម្រាប់ត្រួតពិនិត្យកម្មវិធី និងព័ត៌មានប្រព័ន្ធផ្សេងៗ។

Written by Vichea

05/17/2022

Windows 11 បានទទួលរងនូវកំហុសជាច្រើនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ចំណែកឯ Windows 10 ប្រព័ន្ធប្រតិបត្តិការចាស់របស់ Microsoft នៅតែទទួលបានការអាប់ដេតសុវត្ថិភាពជារៀងរាល់ខែ ប៉ុន្តែការអាប់ដេតចុងក្រោយបំផុតនេះកំពុងបង្កបញ្ហាថ្មី។ បន្ទាប់ពីដំឡើងកំណែ KB5013942 (10 ឧសភា) មានរបាយការណ៍អំពីកម្មវិធីខូច និងបញ្ហាក្នុងការចូលប្រើឯកសារជាដើម។

កំហុសទូទៅបំផុតគឺការប៉ះពាល់ដល់កម្មវិធី Event Viewer ដែលជាកម្មវិធីរបស់ Windows 10 សម្រាប់ត្រួតពិនិត្យកម្មវិធី និងព័ត៌មានប្រព័ន្ធផ្សេងៗ។ វាជាវិធីដ៏ល្អមួយដើម្បីរកឱ្យឃើញបញ្ហាណាមួយនៅដំណាក់កាលដំបូង ប៉ុន្តែមនុស្សជាច្រើននៅលើកំណែ KB5013942 មិនអាចបើកកម្មវិធីបានទាល់តែសោះ។ កម្មវិធី Event Viewer ហាក់ដូចជាងាយនឹងគាំងនៅពេលដែលអ្នកចាប់ផ្តើមប្រើវា។

មនុស្សភាគច្រើនអាចមិនត្រូវការកម្មវិធីនេះសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់គេដូច្នេះវាមិនមែនជាបញ្ហាធំប៉ុន្មានទេ  ប៉ុន្តែមានបញ្ហាមួយចំនួនទៀតដែលបានរាយការណ៍គឺសំខាន់ជាងនេះ។ នៅក្នុង Windows 10 subreddit មនុស្សជាច្រើនបានត្អូញត្អែរអំពីការគាំង Blue Screen of Death (BSoD) និងការបង្កកប្រព័ន្ធមួយចំនួនទៀត។

មានអ្នកប្រើ​ម្នាក់បានរាយការណ៍ថាឯកសារ​មួយ​ចំនួន​ដែល​ប្រើ .NET 5 Framework ត្រូវបានលុបចេញ និងបង្ហាញ​មិន​អាច​ប្រើ​បាន។ យើងក៏មិនអាចអះអាងថាបញ្ហានេះបង្កមកពីការធ្វើបច្ចុប្បន្នភាព KB5013942 ឬយ៉ាងណានោះទេ ប៉ុន្តែអ្នកដែលមិនទាន់ឡើងទៅកាន់ KB5013942 គួរតែផ្អាក់សិន។

បញ្ហាហាក់ដូចជាប៉ះពាល់ដល់ឧបករណ៍ដែលកំពុងដំណើរការកំណែថ្មីទាំងអស់នៃ Windows 10 – 20H2, 21H1 និង 21H2 ។ វាមានសុវត្ថិភាពក្នុងការដំឡើងការអាប់ដេត KB5012591 ត្រឹមខែមេសា ប៉ុន្តែសម្រាប់ការអាប់ដេតថ្មីជាងនេះគឺត្រូវបានប្រឈមជាមួយហានិភ័យមួយចំនួន។

ក្រុមហ៊ុន Microsoft បានទទួលស្គាល់បញ្ហាជាច្រើនផ្សេងទៀតនៅក្នុងឯកសារគាំទ្ររបស់ខ្លួន រួមជាមួយនឹងដំណោះស្រាយដែលបានណែនាំមួយចំនួន។ នៅ​ពេល​បច្ចុប្បន្នមិន​មាន​ការ​ជួសជុល​ជា​ផ្លូវ​ការ​នៅឡើយ​ទេ ប៉ុន្តែ​ការ​គាំង​កម្មវិធី​មួយ​ចំនួន​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​ប្រើ​វិធី​ស្រដៀង​គ្នា​នឹង Windows 11។ បញ្ហា (bug) ​ថ្មីៗ​នៅ​ទីនោះ​អាច​ធ្វើ​ឱ្យ​កម្មវិធី​ដែល​ប្រើ​ .NET Framework ឈប់​ដំណើរការបាន។

ទោះជាយ៉ាងណាក៏ដោយ ដំណោះស្រាយដ៏ងាយស្រួលបំផុតគឺគ្រាន់តែរង់ចាំរហូតដល់ក្រុមហ៊ុន Microsoft ចេញផ្សាយការអាប់ដេតសុវត្ថិភាព (Security) បន្ទាប់របស់ខ្លួន។ បើតាមកាលវិភាគធម្មតារបស់ក្រុមហ៊ុន វានឹងមកដល់នៅថ្ងៃទី 7 ខែមិថុនាខាងមុខ។ Microsoft នៅតែរំពឹងថានឹងចេញផ្សាយការអាប់ដេត 22H2 សម្រាប់ Windows 10 នៅចុងឆ្នាំនេះ។

ប្រភព៖ TechAdvisor

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …