Tesla ប្រមូលរថយន្តចំនួន 13 ម៉ឺនគ្រឿងមកវិញដោយសារបញ្ហា Alarming
តាមការជូនដំណឹងរំលឹកឡើងវិញពីរដ្ឋបាលនៃសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ថា "ក្នុងអំឡុងពេលសាកថ្មលឿន ឬរៀបចំសម្រាប់ការសាកថ្មលឿន CPU នៃប្រព័ន្ធព័ត៌មានកំសាន្ត មិនត្រជាក់គ្រប់គ្រាន់ និង ...

Written by Vichea

05/12/2022

Tesla ត្រូវធ្វើការសម្រេចចិត្តដ៏ជូរចត់ម្តងទៀត។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលដឹកនាំដោយលោក Elon Musk ត្រូវប្រមូលរថយន្តចំនួន 130,000 មកវិញ ដោយសារបញ្ហាដែលបណ្តាលឱ្យ CPU នៅក្នុងប្រព័ន្ធព័ត៌មានរបស់រថយន្តឡើងកំដៅខ្លាំងអំឡុងពេលសាកថ្មលឿន។

ដែលវាអាច​បំផ្លាញ​អេក្រង់ touchscreen ​​របស់​រថយន្ត ឬ​បាត់​នូវរូបភាពទាំងស្រុងតែម្ដង ​ដូច​ដែល​សារព័ត៌មាន Associated Press បាន​រាយការណ៍​ថ្មីៗ​នេះ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះបានចាប់ផ្តើមចេញផ្សាយការធ្វើបច្ចុប្បន្នភាពលើអាកាស (OTA) នៅថ្ងៃទី 3 ខែឧសភា ដើម្បីដោះស្រាយបញ្ហាលើរថយន្តដែលរងផលប៉ះពាល់ ដែលរួមមាន 2022 Model 3 និង Y ក៏ដូចជា 2021 និង 2022 Model X និង S ជាដើម។

តាមការជូនដំណឹងរំលឹកឡើងវិញពីរដ្ឋបាលនៃសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ថា “ក្នុងអំឡុងពេលសាកថ្មលឿន ឬរៀបចំសម្រាប់ការសាកថ្មលឿន CPU នៃប្រព័ន្ធព័ត៌មានកំសាន្ត មិនត្រជាក់គ្រប់គ្រាន់ និងមានសីតុណ្ហភាពខ្ពស់ជាងការរំពឹងទុក ដែលអាចបណ្តាលឱ្យ CPU ដំណើរការយឺត ឬចាប់ផ្តើមឡើងវិញ(Restart)” ។

“ដំណើរការយឺត ឬដំណើរការឡើងវិញអាចបណ្តាលឱ្យអេក្រង់កណ្តាលមានភាពយឺត ឬមិនបង្ហាញព័ត៌មានអ្វីសោះតែម្ដង។”

ការប្រមូលមកវិញមិនបានបញ្ជាក់ច្បាស់ពីមូលហេតុដែលបណ្តាលឱ្យមានបញ្ហា ឬរបៀបដែលការអាប់ដេតកម្មវិធីនឹងអាចដោះស្រាយវានោះទេ ប៉ុន្តែបញ្ហាវាហាក់ដូចជាមកពីការសាកថ្ម Supercharger របស់រថយន្តច្រើនជាង។

ជាមួយនឹងមុខងារស្នូលជាច្រើនរបស់ក្រុមហ៊ុន Tesla ដែលត្រូវបានប្រើប្រាស់ជាមួយប្រព័ន្ធព័ត៌មានកម្សាន្ត បានបង្កការប៉ះពាល់ដល់ដំណើរការធម្មតារបស់រថយន្តជាច្រើន។ ម្ចាស់រថយន្តមួយចំនួនមិនអាចប្រើប្រាស់មុខងារសំខាន់ៗដូចជា Navigation ម៉ាស៊ីនត្រជាក់ ឬសូម្បីតែមើលការផ្សាយផ្ទាល់ពីកាមេរ៉ាបម្រុង។

Tesla ក៏បានប្រាប់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ថាខ្លួនបានទទួលការអះអាងធានាចំនួន 59 ដែលទាក់ទងដោយផ្ទាល់ទៅនឹងបញ្ហានេះ។ ក្រុមហ៊ុនបានបន្តបន្ថែមថា ខ្លួនបានរកឃើញបញ្ហាឡើងកំដៅនេះជាលើកដំបូងនៅក្នុងខែមករា ឆ្នាំ 2022។ នៅលើរថយន្តពីរបីដំបូងដែលមានបញ្ហានេះ Tesla បានប្តូរបន្ទះឈីបដែលមានបញ្ហានោះចេញជំនួសដោយបន្ទះឈីបថ្មី។ ទោះយ៉ាងណាក៏ដោយនៅខែមេសាឆ្នាំ 2022 Tesla បានរកឃើញវិធីមួយដើម្បីដោះស្រាយបញ្ហានេះដោយការចេញ Software Patch ថ្មី។

ប្រសិនបើអ្នកជាម្ចាស់ម៉ូដែលរថយន្ត Tesla ដែលបានរៀបរាប់ខាងលើ ហើយសង្ស័យថាកំពុងប្រឈមមុខនឹងបញ្ហានេះ ឥឡូវនេះអាចជាពេលវេលាដ៏ល្អដើម្បីពិនិត្យមើលថាតើរថយន្តរបស់អ្នកមានការអាប់ដេតកម្មវិធីដែលមិនទាន់សម្រេចឬអត់។ អ្នកក៏អាចពិនិត្យមើលដោយប្រើការស្វែងរក Tesla ណាខ្លះស្ថិតក្នុងការហៅមកវិញតាមរយៈលេខ Tesla VIN របស់រថយន្តអ្នកទាំងអស់គ្នាផងដែរ។ Tesla បាន​ចេញ​ការ​ប្រមូល​មក​វិញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ រួម​ទាំង​ការ​ប្រមូល​​ដែល​មិន​អាច​ជួសជុល​បាន​ជាមួយ​នឹង​ការ​អាប់ដេត OTA ផងដែរ។ កាលពីខែធ្នូកន្លងទៅនេះ ក្រុមហ៊ុនបានប្រមូលរថយន្តម៉ូដែល 3 និង Model S ជិតកន្លះលានគ្រឿងមកវិញ ដោយសាដំណើរការខុសប្រក្រតីនៃប្រព័ន្ធចាក់សោរ។ ថ្មីៗនេះ ក្រុមហ៊ុន Tesla បានប្រមូលរថយន្តចំនួន 579,000 គ្រឿងទៀត ដើម្បីដកមុខងារ “Boombox” ។

ប្រភព៖ SlashGear និង VOI

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …