សារព័ត៌មានកូរ៉េបានរាយការណ៍ថា រដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូងរំពឹងថានឹងបង្កើតគំរូទំនាក់ទំនង 6G នៅឆ្នាំ 2026។ គណៈកម្មាធិការអន្តរកាលប្រធានាធិបតីបាននិយាយថា រដ្ឋាភិបាលដែលនឹងចូលមកថ្មីកំពុងរំពឹងថាបច្ចេកវិទ្យា “6G” ដែលមិនទាន់មានលក្ខណៈស្តង់ដារ នឹងត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសនេះនៅចន្លោះឆ្នាំ 2028 និង 2030 ខាងមុខ។
គណៈកម្មាធិការបាននិយាយថា “នៅពេលនិយាយអំពីកត្តាជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត រដ្ឋាភិបាលបច្ចុប្បន្នកំពុងផ្តោតលើបន្ទះឈីបដែលមិនមានអង្គចងចាំ ឡាននាពេលអនាគត biotech និងបញ្ហាសុខភាព”។ គេបានបន្តទៀតថា “រដ្ឋាភិបាលថ្មីកំពុងមានគម្រោងបន្ថែមទាក់ទងនឹងប្រព័ន្ធ 6G ការការពារជាតិ និងអវកាស រោងចក្រថាមពលនុយក្លេអ៊ែរកម្រិតខ្ពស់ និងមាតិកាឌីជីថល”។
កាលពីខែមករាកន្លងទៅ រដ្ឋាភិបាលកូរ៉េបានប្រកាសថាខ្លួនកំពុងធ្វើការលើយុទ្ធសាស្ត្រអភិវឌ្ឍន៍បណ្តាញទំនាក់ទំនងជំនាន់ក្រោយរួមគ្នាជាមួយក្រុមហ៊ុនផ្ដល់សេវាទំនាក់ទំនងក្នុងស្រុក និងក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនដូចជា SK Telecom, KT, LG Uplus, Samsung Electronics និង LG Electronics ជាដើម។

រដ្ឋាភិបាល និងក្រុមហ៊ុនមានគោលបំណងអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ និងការច្នៃប្រឌិតប្រព័ន្ធ 5G និងបណ្តាញ 6G នាពេលអនាគត ព្រមទាំង IoT និងការទំនាក់ទំនងតាមផ្កាយរណបផងដែរ។
ក្រុមហ៊ុន Samsung Electronics ក៏បានប្រកាសនាពេលថ្មីៗនេះថា ខ្លួននឹងសហការជាមួយសាកលវិទ្យាល័យកូរ៉េ ដើម្បីបង្កើតនាយកដ្ឋានមួយដែលផ្ដោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាជំនាន់ក្រោយដូចជា 6G ជាដើម។ ចាប់ពីឆ្នាំ 2023 និស្សិត 30 នាក់នឹងអាចសិក្សានៅនាយកដ្ឋានបច្ចេកវិទ្យាជំនាន់ក្រោយរបស់សាកលវិទ្យាល័យកូរ៉េនេះបានហើយ។
នៅឆ្នាំ 2019 ក្រុមហ៊ុន LG បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ LG-KAIST 6G ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់កូរ៉េ (KAIST)។ LG និង KAIST ធ្លាប់បានចាប់ដៃគូជាមួយក្រុមហ៊ុនធ្វើតេស្ត និងវាស់វែងដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Keysight Technologies ក្នុងគោលបំណងធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យា 6G នាពេលអនាគត។
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដៃគូទាំងបីនឹងសហការគ្នាក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទាក់ទងនឹងប្រេកង់ terahertz ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយនូវរលកប្រេកង់ដ៏សំខាន់សម្រាប់ការទំនាក់ទំនង 6G ដែលមិនទាន់មានស្តង់ដារនៅឡើយនោះ។ ដៃគូទាំងបីមានគោលបំណងបញ្ចប់ការស្រាវជ្រាវ 6G នៅឆ្នាំ 2024។

LG ក៏បានកត់សម្គាល់ផងដែរថា បច្ចេកវិទ្យា 6G នាពេលអនាគតនឹងផ្តល់ល្បឿនទិន្នន័យលឿនជាងមុន 50ដង ភាពយឺតយ៉ាវទាបជាងមុន 10 ដង និងភាពជឿជាក់ខ្ពស់ជាង 5G ហើយនឹងអាចនាំយក AIoE ដែលផ្តល់នូវបទពិសោធន៍តភ្ជាប់ដែលប្រសើរជាងមុនដល់អ្នកប្រើប្រាស់។
ចុះសម្រាប់អ្នកទាំងអស់គ្នាតើគិតយ៉ាងណាដែរ ចំពោះបច្ចេកវិទ្យា 6G ថ្មីដែលនឹងលេចចេញជារូបរាងនៅពិភពលោកនាពេលអនាគតនេះ ?
ប្រភព៖ RCRWirelessNews