ថ្ងៃនេះក្រុមហ៊ុន Sony បានប្រកាសថាខ្លួនកំពុងនាំយកមុខងារ VRR មកកាន់ម៉ាស៊ីនហ្គេម PlayStation 5 របស់គេ។ មុខងារនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់តាមរយៈការអាប់ដេតកម្មវិធី ដែលនឹងមាននៅទូទាំងពិភពលោកក្នុងសប្តាហ៍នេះ។
អ្នកអាចបើកមុខងារ VRR នៅលើ PlayStation 5 បានដោយគ្រាន់តែចូលទៅក្នុង អេក្រង់ និងវីដេអូ ឬ (Screen and Video) រួចចុចបើកជាការស្រេច។ មុខងារនេះវានឹងដំណើរការលើហ្គេមដែលអាចគាំទ្រនឹងវាបាន ប៉ុន្តែយើងក៏អាចបើកមុខងារផ្សេងមួយទៀតដើម្បីឲ្យហ្គេមទាំងអស់អាចដំណើរការជាមួយមុខងារនេះបានផងដែរ។

ក្រុមហ៊ុន Sony បានប្រកាសបញ្ជីឈ្មោះហ្គេមដែលនឹងទទួលបានការគាំទ្រដោយ VRR នៅក្នុងដើមសប្តាហ៍ខាងមុខនេះ ក្នុងនោះរួមមាន Astro’s Playroom, Call of Duty: Vanguard, Call of Duty: Black Ops Cold War, Destiny 2, Devil May Cry 5 Special Edition, DIRT 5, Godfall, Marvel’s Spider-Man Remastered, Marvel’s Spider-Man: Miles Morales, Ratchet & Clank: Rift Apart, Resident Evil Village, Tiny Tina’s Wonderlands, Tom Clancy’s Rainbow Six Siege, និង Tribes of Midgard ជាដើម។

ហ្គេមជាច្រើនផ្សេងទៀតអាចនឹងទទួលបានការគាំទ្រ VRR តាមរយៈការអាប់ដេតហ្គេមពេលក្រោយ។ ហ្គេមទាំងអស់ដែលត្រូវចេញនាពេលខាងមុខទំនងជាទទួលបានការគាំទ្រដោយមុខងារ VRR នេះផងដែរ។ ប៉ុន្តែក៏មានរឿងមួយគួរឲ្យសោកស្ដាយផងដែរ នោះគឺមុខងារនេះអាចដំណើរការបានតែជាមួយទូរទស្សន៍ និងម៉ូនីទ័រដែលគាំទ្រ HDMI 2.1 ប៉ុណ្ណោះ។
នេះគឺជាការសម្រេចចិត្តដ៏ចម្លែកមួយពី Sony ព្រោះសម្រាប់ម៉ាស៊ីនហ្គេម Xbox Series X/S និង Xbox One X/S អាចប្រើមុខងារ VRR នេះទោះបីនៅលើអេក្រង់ HDMI 2.0 ក៏ដោយ។ ការសម្រេចចិត្តរបស់ Sony នេះគឺប៉ះពាល់ដល់អ្នកប្រើប្រាស់ភាគច្រើនព្រោះពួកគេមិនមានទូរទស្សន៍ និងម៉ូនីទ័រដែលគាំទ្រ HDMI 2.1 នោះទេ ពោលគឺភាគតិចណាស់នៃអ្នកប្រើប្រាស់ដែលមានអេក្រង់ HDMI 2.1។
សម្រាប់អ្នកដែលឆ្ងល់ថាមុខងារ Variable Refresh Rate (VRR) ជាអ្វីនោះ? យើងអាចប្រាប់អ្នកបានថាមុខងារនេះគឺបង្កើតឡើងដើម្បីផ្ដល់បទពិសោធន៍នៃកំរិតបង្ហាញថ្មីដល់អតិថិជន PS5 ដែលវានឹងធ្វើឲ្យអ្នកលេងហ្គេម PS5 ទាំងអស់មានអារម្មណ៍រលូនជាងមុន ហើយក្រាហ្វិកមើលទៅច្បាស់ជាងមុន។
សម្រាប់អ្នកដែលមាន PlayStation 5 និងអេក្រង់ HDMI 2.1 អ្នកនឹងអាចទទួលបានបទពិសោធន៍ថ្មីនេះនាពេលដ៏ខ្លីខាងមុខ។
ប្រភព៖ PlayStation.Blog