Slack គឺជាកម្មវិធីមួយដែលដូចជាកន្លែងធ្វើការតែមួយរបស់អ្នក វាភ្ជាប់អ្នកជាមួយមនុស្ស និងឧបករណ៍ដែលអ្នកធ្វើការជាមួយជារៀងរាល់ថ្ងៃ មិនថាអ្នកនៅទីណា ឬអ្នកធ្វើអ្វីនោះទេ។ ជាមួយនឹង Slack អ្នកអាចប្រាស្រ័យទាក់ទងគ្នាជាមួយអ្នករួមការងារតាមរយៈការហៅទូរសព្ទ និងការ chat។ នៅទីបំផុត អ្នករាល់គ្នាអាចនៅលើទំព័រតែមួយ ហើយធ្វើការងារបានជាមួយគ្នាដ៏ងាយស្រួល។
ផ្ទៃបង្ហាញ និងដំណើរការរបស់ Slack

Slack គឺជាកម្មវិធីដែលងាយស្រួលប្រើមួយនឹងអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាចូលចិត្តវាព្រោះការរចនាផ្ទៃបង្ហាញរបស់វាគឺអាចឲ្យអ្នកយល់ពីរបៀបប្រើប្រាស់បានយ៉ាងងាយ។ នៅផ្នែកខាងលើខាងឆ្វេងនៃអេក្រង់ អ្នកឃើញបន្តំនៃ channels សម្រាប់សហការគ្នាជាក្រុម។ ខាងក្រោមនេះ អ្នកឃើញការជជែកតាមសារផ្ទាល់ដែលអាចប្រើបានរវាងមនុស្សម្នាក់និងម្នាក់ទៀត ឬជាក្រុមតូចៗ។ កម្មវិធីនេះគេមិនប្រើពាក្យ “ជជែក (Chat)” ទេតែវាខ្ចីពាក្យពី Twitter ដោយប្រើពាក្យ “សារផ្ទាល់ (Direct Message)” ជំនួសវិញដែលវាបង្កប់ន័យឯកជនភាព។
ចំណុចដ៏ទាក់ទាញរបស់កម្មវិធីនេះដែលយើងអាចសម្គាល់បានយ៉ាងងាយស្រួលនោះគឺការប្រើពណ៌ស្វាយងងឹត និងស/ប្រផេះ ដ៏ស្រស់ស្អាត ហើយអ្នកក៏អាចប្ដូររូបរាងតាមចំណងចំណូលចិត្តរបស់អ្នកបានផងដែរ។

ទោះបីជា Slack មិនបានណែនាំពីការ Mention ឬ hashtag ក៏ដោយ ប៉ុន្តែពួកវាមានការប្រើប្រាស់ជាញឹកញាប់នៅក្នុង interface របស់កម្មវិធីនេះ។ នៅក្នុង Slack ប្រសិនបើអ្នកប្រើ hashtag សម្រាប់ឆានែល (ដូចជា #mychannel) នោះអ្នកប្រើប្រាស់ផ្សេងទៀតអាចចុចលើវាពេលនោះវានឹងចូលទៅកាន់ឆានែលអ្នកតែម្ដង។
លក្ខណៈពិសេសនៃ Slack
លក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៃកម្មវិធីនេះគឺថានរណាក៏អាចចុះឈ្មោះសម្រាប់បើកគណនីថ្មីបានដែរ ហើយនឹងក្លាយជាអ្នកគ្រប់គ្រង (admin) ក្នុងរយៈពេលដ៏ខ្លី ដោយអ្នកអាចបង្កើត domain ផ្ទាល់ខ្លួន ដូចជា companyx.slack.com។ 10 នាទីបន្ទាប់ពីបង្កើតdomainផ្ទាល់ខ្លួន អ្នកអាចបន្ថែមសមាជិកក្រុម ហើយអាចចាប់ផ្តើមទំនាក់ទំនងគ្នាបាន។ លក្ខណៈពិសេសមួយចំនួននៅក្នុង Slack ដែលអ្នកប្រើចូលចិត្តនោះគឺ ងាយស្រួលក្នុងការដំឡើង បូករួមទាំងសមត្ថភាពក្នុងការបន្ថែមមនុស្សទៅក្នុងក្រុមរបស់អ្នកបានយ៉ាងឆាប់រហ័ស។
លើសពីនេះ Slack ផ្តល់នូវតុល្យភាពដ៏ល្អរវាងភាពងាយស្រួលនៃមុខងារជាមូលដ្ឋាន និងមុខងារកម្រិតខ្ពស់។ ជាថ្មីម្តងទៀត មានមនុស្សជាច្រើនប្រើប្រាស់ និងចូលចិត្តកម្មវិធីនេះ លើសពីនេះ Slack ក៏មានមុខងារខ្លាំងៗមួយចំនួនទៀតដែលអ្នកប្រើត្រូវការ នោះគឺ មុខងារស្វែងរករហ័ស មុខងារលំហូរការងារដែលបង្កើតដោយស្វ័យប្រវត្តិនូវអ្វីដែលត្រូវធ្វើប្រចាំថ្ងៃ អង្គផ្ទុកទិន្នន័យដែលមានស្រាប់ក្នុងកម្មវិធី សមត្ថភាពក្នុងការជជែកជាសំឡេង ឬវីដេអូជាដើម។

Slack ផ្តល់ជូនប្រហែល 2,000 កម្មវិធី ដែលភាគច្រើនពង្រីកថាមពលរបស់កម្មវិធីនេះ។ អ្នកអាចរួមបញ្ចូល Google Drive និង Google Docs និង Trello ជាមួយវាបានទៀតផង ហើយអ្នកអាចរួមបញ្ចូល Slack ជាមួយ Microsoft Office បានផងដែរ ។ Bots ដែលមានក្នុង Slack មានមុខងារអាចផ្តល់ភារកិច្ចដោយស្វ័យប្រវត្តិដល់អ្នកប្រើប្រាស់ ដំណើរការការស្ទង់មតិ និងគណនាលទ្ធផល និងរំលឹកអ្នកប្រើប្រាស់អំពីការប្រជុំជាដើម។ Slack មានបណ្តុំកម្មវិធី និង bots យ៉ាងទូលំទូលាយ នេះក៏ដោយសារតែ Slack ខ្លួនវាមានប្រជាប្រិយភាពខ្លាំង។
តម្លៃក្នុងការប្រើ Slack
មនុស្សភាគច្រើនគិតថា Slack គឺដាក់ឲ្យប្រើប្រាស់ឥតគិតថ្លៃ ហើយនោះជាការយល់ដ៏ត្រូវមួយ។ អ្នកអាចចុះឈ្មោះសម្រាប់គណនីឥតគិតថ្លៃ និងអាច add អ្នកប្រើប្រាស់រាប់សិបនាក់ ហើយអាចចាប់ផ្តើមប្រើប្រាស់កម្មវិធីនេះភ្លាមៗ។ ប៉ុន្តែបន្ទាប់ពីអ្នកប្រើកម្មវិធីនេះមួយរយៈអ្នកនឹងជួបនូវបញ្ហាមួយចំនួន ដូចជាខ្វះទំហំផ្ទុកទិន្នន័យ ឬសារជាដើម ព្រោះ Slack ផ្តល់អង្គផ្ទុកទិន្នន័យឲ្យអ្នកក្នុងចំនួនតិចតួចប៉ុណ្ណោះ។
ប្រសិនបើអ្នកដំឡើងកំណែទៅគម្រោងបង់ប្រាក់ តម្លៃគឺខ្ពស់ជាងកម្មវិធីផ្ញើសារជាក្រុមផ្សេងទៀត។ ឧទាហរណ៍ គម្រោងស្តង់ដារមានតម្លៃ $6.67 ក្នុងអ្នកប្រើប្រាស់ម្នាក់ក្នុងមួយខែ ប៉ុន្តែ Zoho Cliq មានតម្លៃត្រឹមតែ $1 សម្រាប់អ្នកប្រើប្រាស់ក្នុងមួយខែ។ Slack ក៏ផ្តល់ជូននូវគម្រោង Pro ដែលមានតម្លៃ $12.50 ក្នុងមួយខែសម្រាប់អ្នកប្រើប្រាស់ម្នាក់។ បញ្ជាក់តំលៃសម្រាប់គម្រោងទាំងអស់នេះគឺសម្រាប់តែការបង់ថ្លៃប្រចាំឆ្នាំប៉ុណ្ណោះ។
ប្រភព៖ TechRadar