មានពាក្យចចាមអារ៉ាមមួយចំនួនថាក្រុមហ៊ុន Qualcomm នឹងដាក់ដំណើរការបន្ទះឈីប Snapdragon 8 Gen 1+ នៅខែនេះ ប៉ុន្តែថ្មីៗនេះតាមការលេចធ្លាយពីប្រទេសចិនបានបង្ហាញថា Qualcomm ទំនងជានឹងលើកវេទិកានេះទៅដល់ពាក់កណ្តាលឆ្នាំវិញ។ យោងតាម Digital Chat Station បានលើកឡើងថាហេតុផលនៃការពន្យាពេលនេះទំនងមកពីស្ថានភាពជំងឺរាតត្បាតនាពេលបច្ចុប្បន្ននៅក្នុងប្រទេសចិន។

យោងតាម Digital Chat Station ក្រុមហ៊ុន Lenovo និង Qualcomm មានទំនាក់ទំនងយ៉ាងល្អជាមួយគ្នាដែលបង្ហាញថាទូរស័ព្ទដំបូងដែលមានបន្ទះឈីបថ្មីអាចជា Motorola Edge 30 Ultra ។ ដូចដែលយើងបានឃើញពីមុនមកហើយថា Edge 30 Pro ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសចិនជា Edge X30 គឺជាស្មាតហ្វូនដំបូងគេដែលបំពាក់ Snapdragon 8 Gen 1 ។
អ្វីដែលយើងរំពឹងទុកពី Snapdragon 8 Gen 1+ នោះគឺ GPU នឹងទទួលបានការជំរុញល្អជាងមុនខណៈដែល CPU នឹងនៅដដែលដូចបន្ទះឈីប Snapdragon 8 Gen 1 បច្ចុប្បន្ន ដែលមានរួមបញ្ចូលជាមួយ Cortex-X2 ដ៏អស្ចារ្យមួយដែលមានល្បឿនស្ទើរតែ 3 GHz ជាមួយ Cortex-A710 បីទៀត និងស្នូល Cortex-A510 ចំនួនបួនផ្សេងទៀត។
ប្រភព៖ GSMArena