ថ្ងៃនេះក្រុមហ៊ុន Nothing បានប្រកាសថាខ្លួនបានបញេ្ចញ Nothing Launcher របស់គេនៅលើ Google Play Store សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ទូទៅអាចទាញយកមកប្រើបាន។

ទោះបីជាយ៉ាងណា Nothing Launcher ដែលមានលើ PlayStore បច្ចុប្បន្នស្ថិតនៅក្នុងជំនាន់ Beta នៅឡើយ។ ផ្ទាំងបង្ហាញរបស់ Nothing មានលក្ខណៈស្រដៀងទៅនឹងផ្ទាំងបង្ហាញដើមរបស់ Google Android អញ្ជឹង។ ដែលវាមានរចនាបទបែបមូលសម្រាប់រូបតំណាងកម្មវិធីនីៗមួយ និងមានផ្ទាំងរូបភាពផ្ទាល់ខ្លួនតែមួយគត់សម្រាប់ផ្ទាំងបង្ហាញនេះ។
សម្រាប់អ្នកដែលចូលចិត្តប្រើផ្ទាំងវិចេត្រថ្មីៗនោះ អ្នកអាចសាក Nothing Launcher នេះបានដោយវាបានភ្ជាប់មកជាមួយផ្ទាំងវិចេត្រ(Widget) ចំនួនបីដែលក្នុងនោះមានពីរជាម៉ោង និងមួយទៀតជាផ្ទាំងអាកាសធាតុ។ Widget ទាំងបីរបស់ Nothing Launcher មានសណ្ឋានអុចៗដូចទៅនឹងនិមិត្តសញ្ញារបស់ Nothing អញ្ជឹង ហើយផ្ទាំង Widget មួយក្នុងចំំំំំណោមនោះមានផ្ទៃថ្លា និង ផ្ទៃខ្មៅ។

ផ្ទាំងបង្ហាញរបស់ Nothing មានមុខងារមួយគួរឲ្យចាប់អារម្មណ៏មួយនោះគឺ Max Icons និង Max Folders។ អ្នកអាចចុចឱ្យជាប់នៅលើរូបតំណាងណាមួយ ឬ សំណុំរូបតំណាងណាមួយដែលមាននៅលើផ្ទាំងដើម (Homescreen) ហើយចុចប៊ូតុងដើម្បីធ្វើការពង្រីកវាឲ្យធំ។ វាអាចធ្វើឲ្យរូបតំណាង ឬ សំណុំរូបតំណាងនោះធំជាងមុនពីទំហំ 1×1 ទៅ 3×3។
ក្រុមហ៊ុនថាផ្ទាំងបង្ហាញរបស់ Nothing ឥឡូវនេះមានតែនៅលើទូរស័ព្ទស៊េរី Samsung Galaxy S21 និង S22, Google Pixel 5, និងស៊េរី Google Pixel 6 តែប៉ុណ្ណោះ ហើយសម្រាប់ OnePlus វិញនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ តែទោះបីជាយ៉ាងណាយើងបានសាកដំឡើងវានៅលើ OnePlus 10 Pro ដោយវាអាចដំំំណើរការរលូននិងមិនមានបញ្ហាអ្វីនោះទេ។
អ្នកអាចធ្វើការទាញយក Nothing Launcher បានតាមរយៈតំណរភ្ជាប់នេះ។ បន្ថែមពីនេះអ្នកក៏អាចទាញយកផ្ទាំងរូបភាពនិងសំឡេងរោទ៍របស់ Teenage Engineering បានតាមតំណរនេះដែរ។
ប្រភព៖ GSMArena