ក្រុមហ៊ុន Nokia ដែលជាប្រេនក្រុមហ៊ុនដែលមានអាយុកាល ១៥៥ ឆ្នាំ និងបានផលិតរបស់របរជាច្រើនពីកៅស៊ូ បន្ទាប់មកផលិតខ្សែកាប រហូតឈានដល់ការផលិតចេញជាទូរស័ព្ទ និងឧបករណ៍ទូរគមនាគមន៍ជាច្រើនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការបង្ហាញនូវផលិតផលថ្មីៗរបស់ខ្លួននាពេលខាងមុខនេះ។
យ៉ាងណាមិញកាលពីថ្ងៃចន្ទកន្លងទៅក្រុមហ៊ុនបច្ចេកវិទ្យាដ៏ចំណាស់នេះបានដាក់លក់កុំព្យូទ័រយួរដៃ Nokia PureBook X14 ដោយសហការជាមួយក្រុមហ៊ុន Walmart-Flipkart សម្រាប់ទីផ្សារនៅប្រទេសឥណ្ឌាផងដែរ។
Nokia PureBook X14 នេះត្រូវបានលក់ក្នុងតម្លៃ ៥៩ ៩៩០ រូពី ដែលស្មើនឹង ៨១៥ ដុល្លារ មានអេក្រង់ទំហំ ១៤ អ៊ីញ កម្រិត Full HD និងត្រូវបានបំពាក់ដោយខួរក្បាល(Processor) ប្រភេទ Q5-core i5 ជំនាន់ទី ១០ របស់ក្រុមហ៊ុន Intel ដែលមានល្បឿនរហូតដល់ 4.2GHz។
កុំព្យូទ័រយួរដៃរបស់ Nokia នេះដំឡើងរួចជាស្រេចជាមួយប្រព័ន្ទប្រតិបត្តិការ Windows 10 Home នឹងបំពាក់នូវ RAM ទំហំ 8GB DD4 ជាមួយអង្គផ្ទុកទិន្នន័យប្រភេទ NVMe SSD ទំហំ 512GB ផងដែរ។ នេះជាលើកទី ២ ហើយដែលក្រុមហ៊ុន Nokia បានផលិតប្រភេទកុំព្យូទ័រយួរដៃរបស់ខ្លួន។ កាលពីជាង ១០ ឆ្នាំមុនក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ Booklet 3G – ហើយវាជា netbook laptop ដំបូង ហើយក៏ជាលើកចុងក្រោយរបស់ខ្លួនផងដែរ។
លក្ខណៈពិសេសផ្សេងទៀតរបស់ PureBook X14 រួមមាន៖ សមាមាត្រអេក្រង់ 86% និងដើរដោយថាមពលថ្ម, ការដោះសោរដោយស្គេនមុខ ជាមួយWindows Hello, ក្រាហ្វិក Intel UHD 620 ដែលមានល្បឿនរហូតដល់ 1.1GHz, Bluetooth 5.1, រន្ធ USB 3.1 ចំនួនពីរ រន្ធ USB 2.0 មួយ និងរន្ធ USB Type C ចំនួនមួយ ក៏ដូចជារន្ធ HDMI និងethernet មួយផងដែរ។ Nokie PureBook X14 មានទំងន់ប្រហែល 1.1kg នឹងអាចប្រើប្រាស់បានរយៈពេលរហូតដល់ ៨ម៉ោង សម្រាប់ការសាកម្តង។
Credit image: techidence
ប្រភព៖ finance.yahoo
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia