ក្រុមហ៊ុន Microsoft បានព្យាយាមឥតឈប់ឈរដើម្បីឱ្យមនុស្សកាន់តែច្រើនប្រើ Edge របស់ខ្លួន។ វិធីមួយចំនួនដែល Microsoft បានធ្វើកន្លងទៅហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អទេ ប៉ុន្តែក្រុមហ៊ុននេះនៅតែមិនបោះបង់ហើយព្យាយាមនាំយកមុខងាថ្មីៗមកទៀត ការខិតខំប្រឹងប្រែងចុងក្រោយរបស់គេក្នុងការនាំមុខងារថ្មីមក Edge អាចបង្កើនចំណាប់អារម្មណ៍ បន្ថែមដល់កម្មវិធីនេះ។ នៅក្នុងទំព័រ ”ជំនួយ(Support)” របស់ Microsoft ដែលបានរកឃើញដោយ The Verge បានបង្ហាញថាក្រុមហ៊ុនកំពុងបន្ថែមសេវាកម្ម VPN ដែលភ្ជាប់មកជាមួយដោយឥតគិតថ្លៃដែលហៅថា Edge Secure Network ទៅកាន់កម្មវិធីអ៊ីនធឺណិតរបស់គេ។
ក្រុមហ៊ុននិយាយថា មុខងារនេះនឹងអ៊ិនគ្រីបការភ្ជាប់អ៊ីនធឺណិតរបស់អ្នក ដោយវាបំលែងភាសាដែលមនុស្សមើលយល់ទៅជាកូដដែលយើងមិនអាចយល់។ អ្នកអាចប្រើមុខងារនោះដើម្បីការពារទិន្នន័យរបស់អ្នកពីអ្នកផ្តល់សេវាអ៊ីនធឺណិតរបស់អ្នក។ ដូច VPNs ភាគច្រើនដែរ អ្នកក៏អាចប្រើ Edge Secure Network ដើម្បីបិទបាំងទីតាំងរបស់អ្នក ធ្វើឱ្យអ្នកអាចចូលប្រើសេវាកម្មដែលអាចត្រូវបានរារាំងនៅក្នុងប្រទេសដែលអ្នករស់នៅ ឬកំពុងទស្សនា។

ប្រសិនបើអ្នកជាអ្នកប្រើសេវា VPN ច្រើននោះ ដូច្នេះ Edge Secure Network នឹងមិនជំនួស VPN ដែលបង់ប្រាក់បាននោះទេ។ មុខងារនេះកំណត់អ្នកឱ្យប្រើប្រាស់ទិន្នន័យបានត្រឹម 1GB ក្នុងមួយខែតែប៉ុណ្ណោះ។ ដើម្បីប្រើប្រាស់សេវាកម្មនេះអ្នកត្រូវចាំបាច់មានគណនី Microsoft។ ក្រុមហ៊ុន Microsoft មិនទាន់ចាប់ផ្តើមការសាកល្បង VPN នៅឡើយទេ។ ប៉ុន្តែនៅពេលដែលមុខងារនេះអាចប្រើបាន អ្នកនឹងអាចបើកវាតាមរយៈរូបតំណាងចុចបីរបស់ Edge នៅខាងលើជំហៀងខាងស្ដាំបន្ទាប់មកអូសរកមើល Secure Network ហើយចុចលើវាជាការស្រេច។ នៅពេលដែលអ្នកឈប់ប្រើ វានឹងបិទដោយស្វ័យប្រវត្តិតែម្តង។
ប្រភព៖ Engadget