លក្ខណៈពិសេសដ៏សំខាន់មួយរបស់ Google Photos គឺវាជាកម្មវិធីមួយដែលអនុញ្ញាតអោយយើងរក្សាររូបថត និង upload វីដេអូ ឯកសារចូលទៅកាន់ Google Account របស់យើងបាន ដោយឥតគិតថ្លៃនិងគ្មានដែនកំណត់។ តែឥឡូវនេះក្រុមហ៊ុន Google បានប្រកាសថាលក្ខណៈពិសេសនេះនឹងត្រូវលុបចោលទៅវិញនៅថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២១ខាងមុខនេះ ។

មានន័យថាចាប់ពីថ្ងៃទី ១ ខែមិថុនា រាល់ឯកសារ រូបថត និងវីដេអូដែលបានបញ្ចូលទៅក្នុង Google Photos នឹងត្រូវបានរាប់បញ្ចូលក្នុងទំហំផ្ទុក ១៥ ជីកាបៃ ដែលយើងទទួលបានជាមួយរាល់ Google Account។ យ៉ាងណាមិញ រូបភាពទាំងអស់ដែលបានuploadមុនថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២១ នឹងមិនត្រូវបានរាប់បញ្ចូលឡើយ។ ការផ្លាស់ប្តូរនេះអនុវត្តតែចំពោះរូបភាពដែលបានបញ្ចូលបន្ទាប់ពីថ្ងៃទី១ ខែមិថុនាប៉ុណ្ណោះ។
នេះមិនមានន័យថាយើងនឹងត្រូវបង់ប្រាក់ភ្លាមៗនៅថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២១ នោះទេ។ យើងនៅតែអាចបន្តការ upload រូបភាព វីដេអូ ឯកសារបានដដែល រហូតដល់ Storage នៅគណនីរបស់យើងបានពេញ។ នៅពេលរឿងនោះ យើងនឹងមានជម្រើសក្នុងការទិញគំរោងមួយរបស់ Google One ប្រសិនបើអ្នកចង់ងបន្តការupload តទៅទៀត។

បន្ថែមពីនេះ ក្រុមហ៊ុន Google នឹងផ្តល់ជូនឧបករណ៍មួយនៅខែមិថុនាឆ្នាំ ២០២១នេះដែលនឹងអនុញ្ញាតឱ្យយើងអាចគ្រប់គ្រងរូបថតនិងវីដេអូ ដែលយើងចង់រក្សាទុកឬអ្វីដែលយើងចង់លុប។ ឧបករណ៍នេះនឹងរំលេច ចំណុចមិនល្អណាមួយដោស្វ័យប្រវត្តិ ដូចជារូបភាពងងឹតឬព្រិលឬវីដេអូធំ ៗ ដែលយើងប្រហែលជាមិនចង់រក្សាទុក។ ការផ្លាស់ប្តូរនេះនឹងអនុវត្តចំពោះអ្នកប្រើប្រាស់ Google Photos ទាំងអស់ រួមទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS និងកុំព្យូទ័រលើតុផងដែរ។