អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ការគេងបែប cryogenic គឺជាឈុតសម្ដែងមួយនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្ត្រ និងសៀវភៅជាដើម ។ នេះជាវិធីងាយស្រួលមួយក្នុងការពន្យល់ពីរបៀបដែលតួអង្គក្នុងរឿងអាចនៅមានជីវិត ខណៈដែលពួកគេហោះហើរក្នុងលំហដ៏វែងទៅកាន់កាឡាក់ស៊ីដ៏ឆ្ងាយ។ ប៉ុន្តែពេលនេះ NASA កំពុងយកអ្វីដែលធ្លាប់ជារឿងប្រឌិតនោះមកព្យាយាមធ្វើឱ្យវាក្លាយជាការពិត ខណៈដែលពួកគេកំពុងរៀបចំគម្រោងទៅឋានព្រះច័ន្ទម្ដងទៀត ហើយគ្រោងនឹងបញ្ជូនអវកាសយានិកទៅកាន់ភពព្រះអង្គារផងដែរ។
ដំណើរទៅភពអង្គារមិនសាមញ្ញដូចការធ្វើដំណើរទៅផ្សារនោះទេ។ ការធ្វើដំណើរទៅកាន់ភពព្រះអង្គារ ត្រូវការផែនការច្រើនជាមុន ព្រោះចម្ងាយរវាងផែនដី និងភពអង្គារមានការប្រែប្រួលជានិច្ច នេះក៏ដោយសារតែគន្លងគោចរជុំវិញព្រះអាទិត្យ។ សម្រាប់ចម្ងាយដ៏ជិតបំផុតវាអាចមានចម្ងាយ 34.8 លានម៉ាយល៍ ប៉ុន្តែនៅពេលដែលភពទាំងពីរស្ថិតនៅសងខាងព្រះអាទិត្យ វាអាចនៅឆ្ងាយរហូតដល់ 250 លានម៉ាយ។ ជាមធ្យម ភពទាំងពីរមានចម្ងាយប្រហែល 140 លានម៉ាយពីគ្នា។ យោងតាម NASA ការធ្វើដំណើរមួយជើងទៅកាន់ភពព្រះអង្គារនឹងចំណាយពេលប្រហែល 9 ខែ ហើយការធ្វើដំណើរទៅមកនឹងមានរយៈពេលប្រហែល 21 ខែ។ ជាថ្មីម្តងទៀត វាមិនដូចការជិះឡានទេ។ នៅពេលដែលទៅដល់ទីនោះ អវកាសយានិកត្រូវស្នាក់នៅរយៈពេល 3 ខែដើម្បីឱ្យគន្លងគោចរតម្រង់ជួរឱ្យបានត្រឹមត្រូវ មុននឹងចាប់ផ្តើមការធ្វើដំណើរត្រឡប់មកវិញ។
រយៈពេលជិតពីរឆ្នាំប្រហែលជាមិនយូរប៉ុន្មានទេ ប៉ុន្តែអ្វីដែលត្រូវគិតនោះគឺទាក់ទង់នឹងការរៀបចំផែនការបេសកកម្មក្នុងលំហអាកាសនៅពេលដែលបញ្ចូននាវិកទៅទីនោះ ក៏ដូចជាសុខភាពទូទៅរបស់អវកាសយានិកផងដែរ។
ការគេងបែបត្រជាក់ខ្លាំងសម្រាប់កន្លែងជ្រៅ (Deep Freeze Sleep for deep space)

ប្រសិនបើនាវិកមិនគេងក្នុងអំឡុងពេលបេសកកម្មទាំងមូល អង្គការ NASA នឹងត្រូវចំណាយច្រើនលើការវេចខ្ចប់អាហារ និងទឹកក្នុងរយៈពេល 2 ឆ្នាំសម្រាប់សមាជិកនាវិកម្នាក់ៗនៅលើអាកាស។ ប៉ុន្តែបើដាក់ឲ្យនាវិកគេងបែប Cryogenics ដូចក្នុងរឿងនោះនឹងកាត់បន្ថយការទទួលទានអាហាររបស់ពួកគេយ៉ាងខ្លាំង និងអនុញ្ញាតឱ្យរ៉ុក្កែតមានទំហំតូចជាងមុនមួយភាគបី។ ការកាត់បន្ថយទំហំនៃរ៉ុក្កែតក៏ជួយសន្សំសំចៃប្រេងឥន្ធនៈដែលត្រូវការដើម្បីទៅដល់ភពអង្គារ ហើយវាក៏ជួយកាត់បន្ថយការចំណាយសរុបនៃបេសកកម្មយ៉ាងខ្លាំងផងដែរ។ បញ្ហាភស្តុភារ(logistics) គឺជាហេតុផលចម្បងសម្រាប់ការដាក់នាវិកឲ្យគេងក្នុងទឹកកក។ ទោះជាយ៉ាងណាក៏ដោយ ការប៉ះពាល់នឹងវិទ្យុសកម្មរយៈពេលវែង និងសុខភាពផ្លូវចិត្តរបស់អវកាសយានិកក៏ជាកត្តាជំរុញដល់ផែនការនៃការគេងបែប cryogenic ផងដែរ។
Cryogenics គឺជាដំណើរការដោយរក្សារាងកាយក្នុងស្ថានភាពត្រជាក់ខ្លាំង។ សារធាតុរលាយនៃសារធាតុប្រឆាំងការកក ការពារកោសិកាពីការប្រែក្លាយទៅជាទឹកកក និងការផ្ទុះ ដោយរក្សារាងកាយឱ្យនៅជាប់សម្រាប់រយៈពេលយូរ។ ប៉ុន្តែឧបសគ្គខ្លះដែលមានក្នុងដំណើរការនេះមានមិនតិចនោះទេ។ វាក៏មានផលប៉ះពាល់ខាងសីលធម៌ និងផ្លូវច្បាប់មួយចំនួនដែលទាក់ទងនឹងដំណើរការនេះផងដែរ។
ការដេកបែប Hibernating របស់ខ្លាឃ្មុំ និង lemurs អាចជួយដល់ការស្រាវជ្រាវនេះ

NASA បាននិងកំពុងសិក្សាពីរបៀបដែលសត្វខ្លាឃ្មុំ និង លីម័រ (Lemurs) ក្នុងការដេកបែប hibernate ដោយសង្ឃឹមថានឹងអាចឲ្យអវកាសយានិកចូលទៅក្នុងស្ថានភាពស្រដៀងគ្នានៃ cryogenic hibernation ដោយគ្មានហានិភ័យពាក់ព័ន្ធ និងបញ្ហាផ្លូវច្បាប់ទាំងអស់។ យោងតាមអ្នកស្រាវជ្រាវសត្វខ្លាឃ្មុំ Heiko Jansen (តាមរយៈ Wired) បានបង្ហាញថាអត្រាបេះដូងរបស់សត្វខ្លាឃ្មុំមានការថយចុះយ៉ាងខ្លាំង ប៉ុន្តែពួកគេមិនមានបញ្ហាសរសៃឈាមបេះដូងទេ ម៉្យាងទៀតពួកវាក៏មិនបាត់បង់ដង់ស៊ីតេឆ្អឹង ឬម៉ាសសាច់ដុំដែរ ខណៈដែលមនុស្សបាត់បង់ម៉ាសសាច់ដុំយ៉ាងច្រើន ប្រសិនបើពួកគេដេកលើគ្រែក្នុងរយៈពេលយូរ។ លើសពីនេះ ការប៉ះពាល់រយៈពេលយូរទៅនឹងទម្ងន់នៃលំហអាកាសក៏ជះឥទ្ធិពលអាក្រក់ដល់ដង់ស៊ីតេឆ្អឹង និងការលូតលាស់សាច់ដុំផងដែរ ព្រោះគ្មានទំនាញសម្រាប់សាច់ដុំធ្វើការប្រឆាំងតបត។
អ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីសត្វកណ្តុរបានរកឃើញ microRNAs ដើរតួជាកន្លែងបិទបើកសម្រាប់មុខងាររាងកាយ។ ជាឧទាហរណ៍ microRNAs មួយចំនួនបានទប់ទល់នឹងការចុះខ្សោយនៃសាច់ដុំ ខណៈពេលដែលកោសិកាផ្សេងទៀតបានបញ្ឈប់កោសិកាមិនឱ្យរីកលូតលាស់ ឬសូម្បីតែស្លាប់។
ប្រសិនបើលក្ខណៈហ្សែនទាំងនេះអាចត្រូវបានគេយល់ និងចម្លងឡើងវិញនោះ នៅថ្ងៃណាមួយពួកគេអាចជួយអ្នកអវកាសយានិកឱ្យធ្វើដំណើរទៅកាន់ទីអវកាសបន្ថែមទៀត។
ប្រភព៖ SlashGear